ភ្លៀងធ្លាក់ចុងឆ្នាំផ្ដាំស្រុកខ្មែរ
ថ្ងៃស្អែកដាច់ខែប្រែ-កត្ដិក
ផ្គរលាន់ពេលយប់ខ្ទប់ដល់ព្រឹក
ឥន្ទធនូឆ្លងទឹក ស្ពឹកវេហា។
ពពកដេរដាស ប្រាសលើភ្នំ
ចង្រិតស្រែកយំ ឃ្មុំក្រេបផ្កា
កណ្ដូបបុកស្រូវ ផ្លូវមរណា
តុកកែចរចា ហាឱ្យបូល។
កង្កែបអូបៗ ទ្រោបក្នុងស្មៅ
លបហួចហិចហៅ ដៅមូសចូល
មមាចពភ្លើ ធ្វើជាស្នូល
បណ្ដែតបណ្ដូល បង្គោលកម្ម។
ក្រពើឆ្លេឆ្លា ប្រវាគោក
សន្ធឹកភ្លៀងមក ជោគសស្រាំ
រណ្ដំស្រិចៗ ក្ដិចរអាំ
វស្សារយឆ្នាំ ចាំរដូវ។
ចាបលើចុងឈើ ស្លឺស្លន់ស្លោ
អាស្វាឥតខោ តោនាំផ្លូវ
ក្រសាររវល់ ខ្វល់លំនៅ
ឯហ្វូងដង្កូវ នៅតែខូច។
អ្នកប្រាជ្ញស្រុកខ្មែរ បែរលាក់មុខ
ជនពាលឃ្វាលទុក្ខ រុកប៉ផ្លូច
អ្នកចេះធ្វើភ្លើ ស្ទើរធំតូច
ឯពួកអាខូច ដូចស្វាព្រៃ។
បួងសួងលួងព្រះ សំពះផ្កាយ
ភ្លើងទៀនខ្ចាត់ខ្ចាយ ឆ្ងាយបារមី
សង្ឃឹមទេវតា ត្រាប្រណី
យល់អធ្យាស្រ័យ ព្រះអាទិត្យ។
———
ដោយ លឹម វីរីយ៉ា (រក្សាសិទ្ធិ)
សៀមរាប,
ថ្ងៃអាទិត្យ ១៤ រោច ដាច់ខែអស្សុជ (ស្អែកចូលកត្ដិក) ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី៣០ ខែតុលា គ.ស ២០១៦
