Tag Archives: Khmer poem

រឿងក្នុងផ្ទះ…

សូមជូនរាប់រៀប​ ជ្រាបជ្រួត​រមួត​រឿង
ថ្ងៃរះព្រឿងៗ​ គឿងកល់ដល់ជង្គង់
ចង្កា​ឡេីងខុប​ ហេកុប​ដាច់ទាំងមុង
ពាក់អាវរលុង​ សំយ៉ុងវែនតាម្ញ៉ូប។

បែកញើសដាមខ្នង​ ប៉ង​ចង់​តែស្រណុក
មិនហ៊ាន​សំកុក​ សម្រុកខ្លាចដាច់ម្ហូប
ដាំបាយលាងចាន​ ក្បានឆ្នាំងក្បាំងគំរប
រៀនរស់មិនលោភ​ ហូបបាយសប្បាយចិត្ត។

ស៊ូ​វេទនា​កាយ​ ក្រាស់ក្រាយឆ្ងាយពីទុក្ខ
ញញឹម​ចេញមុខ​ រឿងស្មុគ្រមិនឱ្យជិត
ពិភព​ផែនដី​ មានន័យ​ព្រោះ​អតីត​
អណ្ដែត​គំនិត​ គិត​គូរ​មិនយូរទេ។

បួងសួង​លួងព្រះ​ សូមឈ្នះព្រហ្មលិខិត
ជោគជាំមាំក្រិត្យ​ ដិត​ដោយក្រោយផងគេ
មិនតូចចិត្តឡេីយ​ សូមឆ្លេីយអមសំណេរ
បេីមិនជឿទេ​ សួរ​គេមេីលទៅចុះ!
———
លឹម​ វីរីយ៉ា​🌸
ថ្ងៃ​ទី​ ០៤​ ខែ​ មករា​ ឆ្នាំ​ ២០១៩

yaya in a miserable status

បណ្ដាំ…

បណ្ដាំមុនថ្ងៃលិច​ ចាំកុំភ្លេច​ ពេចន៍​តាក់តែង
អ្នកប្រាជ្ញយោងសម្ដែង​ ទោសខ្លួនឯង​ ព្រោះ​ស្រីស្អាត។

បេីសិនឆ្លងមិនផុត​ ច្បាស់​ជាស្រុត​ ធ្លាក់​ដល់​បាត
កុំស្រែកបែកអាក្រាត នាំបង់ខាត​ ប្រមាថ​កេរ្តិ៍​។ 
———
លឹម​ វីរីយ៉ា​🌸
០៦​ មករា​ ២០១៩

message

កន្តែរ៉ែ ស្នេហ៍អ៊ើយ…

កន្តែរ៉ែអ៊េីយ​ ពាក់អាវដកឃឹម
កាន់ផ្កាញញឹម​ សង្ឃឹម​ដូចប៉ង
រាត្រី​ត្រជាក់​ នៅបាត់ដំបង
យប់នេះរាំឆ្លង​ ចង្វាក់​កន្ទ្រឹម​។

កន្តែរ៉ែអ៊េីយ​ ពាក់កែងមួយតឹក
សេីចលាន់កក្អឹក​ នឹកឡេីងប៉ប្រឹម
កាច់រាង​កន្ទេីរ​​ មេីល៍! ខ្ពស់សន្លឹម
ស្អែក​ពីព្រលឹម​ ងេីបតែងតួទៀត។

កន្តែរ៉ែអ៊េីយ​ ឆ្លេីយសូមចូលគេង
ឱ្យមុខនៅក្មេង​ លេងសេីចមានជាតិ
រាត្រី​សួស្ដី​ ស្ដីរាប់ផ្គាប់ញាតិ
ក្សេមក្សាន្តព្រោងព្រាត​ ឆ្លៀតរស់ប្រិមប្រិយ។
———
លឹម​ វីរីយ៉ា​🌸
០៧​ មករា​ ២០១៩

yaya

ឃ្យូតទេ?

ឃ្យូតទេប៉ុណ្ណឹង? ព្រលឹងបង​ហ្អេីយ!
ប្រឹងឡេីងអស់ហេីយ​ ឆ្លេីយប្រាប់ទៅចុះ
រៀនតាមកូនក្មេង​ លេងរូបតាមប៉ុស្តិ៍
សង្ឃឹម​មិនខុស​ ទាស់​ចិត្ត​ហ្វេនឡេីយ។

សាយណ្ហ​សួស្ដី​ ពីដីខាងលិច
ញ៉ាំ​បាយរួចធ្មេច​ គេចមិនចង់ឆ្លេីយ
សំណួរចាក់ដោត​ កោតតែគេល្ហេីយ
ល្ហឹម​ៗក្រោមខ្នេីយ​ កេីយកល់ដួងចៃ។

រូបឃ្យូតផ្ញេីជូន​ លូនតាមអក្ខរា
ពេចន៍​កាព្យត្រាប់ការណ៍​ ប្រាប់ថាកុំភ័យ
ចាំតែព្រួយទៅ​ ពៅហ្អេីយ! កុំម៉ៃ
អាឡោះអាល័យ​ ថ្ងៃណាជួបគ្នា?
——-
លឹម​ វីរីយ៉ា​🌸
០៨​ មករា​ ២០១៩

យ៉ាយ៉ា

ផ្ទះក្នុងសុបិន

បើមានផ្ទះរាប ទាបផ្ទាល់ដី
មានស្មៅលាស់ខ្ចី ដីបៃតង
បុប្ផាស្រស់ពិត ឥតរបង
ទុកគ្រាន់ញាតិឆ្លង ក្រងភាតរៈ។

បើមានផ្ទះតូច ដូចប្រាថ្នា
មានទាំងសួនផ្កា ច្បារល្អល្អះ
នឹងរស់ឥតល្អៀង ផ្ទៀងដឹងច្បាស់
ទុកគ្រាន់ពេលចាស់ ផ្លាស់អាត្មា។

បើមានផ្ទះឈើ មើលឃើញមេឃ
បក្សីហោះជ្រែក សេកសារិកា
ដើមឈើធំៗ ផ្ដុំសាខា
ជំរកទោចស្វា សង្ខាសត្វ។

បើមានផ្ទះខ្ទម ល្មមលោមបាន
នឹងរស់សុខសាន្ត ឋានទីស្ងាត់
ដង្ហើមបានស្ងប់ កប់រសាត់
សុបិនសម្ងាត់ ណាត់ទីនេះ។
———
លឹម វីរីយ៉ា🌸
ថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០១៩

2018-09-16 (429)

ស្រណោះ…

VIRIYA LIM 2018.

ស្រណោះជេីងធ្មេញ​ អូនស្ញេញតែឯង
ញញឹម​ផ្កាត្រែង​ បែកផ្សែងពេញផ្សារ
ឆ្នាំ​ចាស់​ជិតដាច់​ បណ្ដាច់សន្យា
មិនឃេីញចៅមហា​ ចរចាចូលស្ដី?

ស្រណោះជេីងសក់​ អូនកក់ហេីយផ្លុំ
តម្រឹមទាំងចុង​ ចម្រុង​សួស្ដី​
រដូវ​រងា​ ដូចជាឥតន័យ
អាឡោះអាល័យ​ ដៃលាក់ក្រោយខ្នង។
——-
លឹម​ វីរីយ៉ា​🌸
២២​ ធ្នូ​ ២០១៨

អាវរលុង…

រលីងរលោង​ អាវរលុង
រលាកជង្គង់​ ជង់ចង្កា
ភ្នែករូងរីងរៃ​ រំពៃថា
គង់មានថ្ងៃណា​ ថ្លាថ្លឹងថ្លែង។

រលេីបរលាក់​ ធ្លាក់​ជង្ហុក
ញញឹម​ចេញមុខ​ ទុក្ខតែឯង
រញីរញ័រខ្ទ័រ​ ហុយផ្សែង
ប្រាប់ថាចម្បែង​ គេមិនជឿ។

រលេះរលួយ​ រួយជេីងដៃ
រលាស់ហាលថ្ងៃ​ ស្បៃជំនឿ
បុរាណ​ចារទុក​ ចុកខ្លងតឿ
បេីអ្នកមិនជឿ​ សួរខ្មោចទៅ!
——-
លឹម​ វីរីយ៉ា​🌸
23/12/18

IMG_4264

ប្រាសាទ…

ប្រាសាទឈរខ្ពស់ ចារឈ្មោះ ជួសគូស្នេហា
អ្នកជាប់សន្យា យាត្រា ប្រាថ្នាមកដល់
កាន់ដៃកៀកកើយ រួចឆ្លើយ បង្ហើយអំពល់
ឯខ្ញុំមិនយល់ ងងល់ រុលទៅទាំងខុស។

ប្រាសាទពណ៌មាស ក្បៀសទុក ទំនុកសាក្សី
ចាក់គ្រឹះជាប់ដី ប្រិមប្រិយ សិរី បបោស
កណ្ដាលទីក្រុង ចិត្តស្លុង អនង្គ សណ្ដោស
សណ្ដោងស្រណោះ អាឡោះ ស្មោះស្ម័គ្រអាល័យ។

ប្រាសាទសង្ហា ភ្លឺថ្លា វេហាស្រឡះ
អ្នកថ្លើមធំណាស់ លួងម្ចាស់ ផ្លាស់កេរផ្ទេរន័យ
ដូរដោះអស់នាម ឡើងក្រៀម រងៀម ហឫទ័យ
សាងកេរ្តិ៍កាឡៃ បំភ័យ លៃឆ្កឹះគន្លឹះ។

ប្រាសាទព្រលឹង ថ្មើរហ្នឹង ដឹងច្បាស់ត្រជាក់
ចុងឆ្នាំអួលអាក់ លេបស្លាក់ ដាក់ជាន់ស្លន់ម្នឹះ
អ្នកចាញ់ទោម្នេញ ទន្ទេញ ចេញតែទង្គឹះ
ខ្សឹកខ្សួលឆួលឫស កំព្រឹស ពិសពុលពេញប្រៀប។

ប្រាសាទមាសពេជ្រ រំលេច សូរស័ព្ទរណ្ដំ
អ្នកម្នាងលៀងស្នំ សម្ងំ ខំរស់ក្នុងឃ្នាប
ខ្នះខ្នែងខែងឫក្ស នឹកឡើង ចើងម៉ើងប៉ើងលាភ
រស់ខ្ពស់ឈ្មោះទាប ទន់រាប តម្រៀបក្រៅត្រា។
———
លឹម វីរីយ៉ា
ថ្ងៃអង្គារ ៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែធ្នូ គ.ស ២០១៨

Viriya in Sfo

 

យប់១៥រោច…

យប់ដប់ប្រាំរោច​ ដូចខុសសព្វដង
ផ្គរលាន់​ឌឺដង​ ឆ្លងស័ព្ទត្រាប់ខ្យល់
ភ្លៀងកណ្ដាលយប់​ បង្គ្រប់​កិច្ច​កល
មុនស្អែកចូលដល់​ ១កើតមិគសិរ។

យប់ដប់ប្រាំរោច ដូចស្ងាត់តុកកែ
មិនឮបូលក្បែរ​ ថែលួងបំពេ
ភ្លៀង​ស្រក់​តិកតក់​ ជីងចក់​បាត់​មេ
ជើងមុងដាច់ថ្នេរ ដេកជេរតែមូស។
———
លឹម​ វីរីយ៉ា​🌸
រាត្រី​១៥រោច​ ខែកត្ដិក​ ឆ្នាំ​ច​ ព.ស​ ២៥៦២ ត្រូវនឹងថ្ងៃទី ០៧ ខែធ្នូ គ.ស ២០១៨

My Home 2018

ហ៊ានទេ?

ហ៊ាន​ទេ​? បើខ្ញុំ​ សូមចាប់ដៃ​ ឡើងឆាកដន្ត្រី​ ស្ដីផ្ដោះផ្ដង
រាំទន្ទ្រាំជើង​ ភ្លើងបៃតង​ រួចច្រៀងសាសង​ បទស្នេហា?

ហ៊ាន​ទេ​? បើខ្ញុំ​ សូមថើបមួយ​ ទុកបណ្ដុះត្រួយ​ ស្ទួយអាត្មា
រួចអោបចង្កេះ​ ទះហត្ថា​ ក្រសោបកាយា​ ប្រាថ្នា​ចិត្ត​។ 
————
លឹម​ វីរីយ៉ា​🌸
២០​ ធ្នូ​ ២០១៨

Do you brave