រយៈពេល១ម៉ោង អាចធ្វើឲ្យ១ថ្ងៃរបស់យើងប្រែប្រួលបាន ហើយ រយៈពេល១ថ្ងៃដែលប្រែប្រួលនោះ អាចធ្វើឲ្យ១ជីវិតរបស់យើងប្រែប្រួល។
ក្នុងទំនាញសាកល ជីវិត១ដែលប្រែប្រួល អាចធ្វើឲ្យពិភពលោកទាំងមូល ផ្លាស់ប្ដូរ។ ដូច្នេះ រៀងរាល់វិនាទីដែលផ្គុំបាន១ម៉ោងរបស់អ្នករាល់ថ្ងៃ សុទ្ធតែជាដើមចមនៃបន្លាស់ប្ដូរពិភពលោកទាំងមូល។
គ្រប់ពាក្យពេចន៍ និង កាយវិការដែលសម្ដែងចេញមកខាងក្រៅ សុទ្ធតែជាការបន្ទោបង់ចិត្ត។ ចិត្តអ្នកគិតអ្វី សម្ដីអ្នកនឹងចេញមកបែបនោះ ចិត្តអ្នកគិតយ៉ាងណា កាយវិការអ្នកនឹងស្ដែងចេញយ៉ាងនោះ។
មានសៀវភៅទស្សនវិជ្ជា មនោមយិទ្ធិ ច្រើនណាស់ ដែលបង្គាប់មនុស្សឲ្យគិតរឿងធំៗ ប៉ុន្តែ បើអ្នកខ្ជាក់សម្ដីចេញមកធំដូចចិត្ត នោះអ្នកនឹងបរាជ័យ។ គិតឲ្យធំ តែបង្ហាញចេញឲ្យតូចបានហើយ ព្រោះគំនិតធំៗរបស់អ្នក ត្រូវការ ដុសខាត់កែច្នៃ ក្រឡឹង សម្រួច សំលៀង ជាមុនសិន ហើយវាក៏ត្រូវការជ្រកក្នុងម្លប់ចិត្ត ដើម្បីសន្សំគុណតម្លៃ មុនត្រូវបានបើកបង្ហាញមកខាងក្រៅ។
កុំនិយាយច្រើនពេក! ស្ងប់ស្ងាត់ខ្លះទៅ! អ្វីដែលវាប្រុងរត់មក វាគង់តែមកទេ គ្រាន់តែយូរនិងឆាប់។ មនុស្សដែលគិតធំ និយាយតូច ភាគច្រើន ជាមេដឹកនាំដ៏ឆ្នើម តែមនុស្សដែលគ្មានគោលដៅច្បាស់លាស់ ហើយនិយាយស្ដីតែរឿងធំៗ ច្រើនតែជាអ្នករស់ រត់ដេញស្រមោលអ្នកដទៃតែប៉ុណ្ណោះ ឬហៅម្យ៉ាងទៀតថា ជំនាញភូតភរ ប្រូ ដូរបាយឆី។
លទ្ធផលចុងក្រោយរបស់គេ គ្មានអ្វីប្រែប្រួលជាដុំកំភួនទេ។ អត្តចរិតកំណត់វាសនា ចរិតអ្នកបែបណា វាសនា នឹងទៅជាបែបនោះ។ រូបរាងកំណត់ស្រមោល បើអ្នកតូចទាប ស្រមោលអ្នកក៏តូចទាបដែរ ចូរកុំព្យាយាមឈរបន្លំក្រោមស្រមោលអ្នកដទៃអី អ្នកទស្សនាគេមើលដឹង។
នៅលើវិថីជីវិតគ្មានផ្លូវទៅកាន់សុភមង្គលទេ ព្រោះសុភមង្គល គឺជាផ្លូវដើរ។ បើអ្នកគិតតែស្វែងរកផ្លូវទៅសុភមង្គល មួយជីវិតនេះ អ្នកនឹងគ្មានវាសនាបានភ្លក្សរសជាតិសុភមង្គលឡើយ។ ហើយវាក៏មិនខុសគ្នាពីរឿងមនុស្សដែលស្វែងរកផ្លូវទៅ “ភ័ព្វព្រេងវាសនាល្អ” ដែរ។
គេប្រហែលភ្លេចស្មារតីថា “វាសនា” គឺជា “អត្តចរិត” នៃបុគ្គលផងខ្លួន។ កុំស្វែងរកវាទៀតអី! ផ្លាស់ប្ដូរចរិតរបស់អ្នកចេញទៅ! វាសនាអ្នកនឹងប្ដូរដូចគ្នា។ នៅក្នុងទ្រឹស្ដីនៃកម្មនិងផល (ចក្រា) របស់ព្រះពុទ្ធ (Karma Theories) ប្រៀបដូចវិទ្យាសាស្ត្រពិតមួយ វាជាកង់រទេះដែលវិលជុំជានិច្ច មិនអាចប្រកែកបាន។ ព្យាយាមតាំងជំហរឲ្យរឹងមាំមួយកន្លែង អ្នកគង់តែទទួលផលទេ។ កុំរត់ឆ្វេចឆ្វាចដេញស្រមោលអ្នកដទៃ អ្នកអាចដួល។
———-
ដោយ លឹម វីរីយ៉ា🌸

សូមអរគុណជាអនេកចំពោះការចែករំលែកដ៏ល្អ! ខ្ញុំទាក់ចិត្តនឹងឃ្លាមួយថា “ព្យាយាមតាំងជំហរឲ្យរឹងមាំមួយកន្លែង អ្នកគង់តែទទួលផលទេ” ។
LikeLike