បណ្ដាំ…

បណ្ដាំមុនថ្ងៃលិច​ ចាំកុំភ្លេច​ ពេចន៍​តាក់តែង
អ្នកប្រាជ្ញយោងសម្ដែង​ ទោសខ្លួនឯង​ ព្រោះ​ស្រីស្អាត។

បេីសិនឆ្លងមិនផុត​ ច្បាស់​ជាស្រុត​ ធ្លាក់​ដល់​បាត
កុំស្រែកបែកអាក្រាត នាំបង់ខាត​ ប្រមាថ​កេរ្តិ៍​។ 
———
លឹម​ វីរីយ៉ា​🌸
០៦​ មករា​ ២០១៩

message

ទ្រឹស្ដីនៃកម្មផល…

រយៈពេល១ម៉ោង អាចធ្វើឲ្យ១ថ្ងៃរបស់យើងប្រែប្រួលបាន ហើយ រយៈពេល១ថ្ងៃដែលប្រែប្រួលនោះ អាចធ្វើឲ្យ១ជីវិតរបស់យើងប្រែប្រួល។

ក្នុងទំនាញសាកល ជីវិត១ដែលប្រែប្រួល អាចធ្វើឲ្យពិភពលោកទាំងមូល ផ្លាស់ប្ដូរ។ ដូច្នេះ រៀងរាល់វិនាទីដែលផ្គុំបាន១ម៉ោងរបស់អ្នករាល់ថ្ងៃ សុទ្ធតែជាដើមចមនៃបន្លាស់ប្ដូរពិភពលោកទាំងមូល។

គ្រប់ពាក្យពេចន៍ និង កាយវិការដែលសម្ដែងចេញមកខាងក្រៅ សុទ្ធតែជាការបន្ទោបង់ចិត្ត។ ចិត្តអ្នកគិតអ្វី សម្ដីអ្នកនឹងចេញមកបែបនោះ ចិត្តអ្នកគិតយ៉ាងណា កាយវិការអ្នកនឹងស្ដែងចេញយ៉ាងនោះ។

មានសៀវភៅទស្សនវិជ្ជា មនោមយិទ្ធិ ច្រើនណាស់ ដែលបង្គាប់មនុស្សឲ្យគិតរឿងធំៗ ប៉ុន្តែ បើអ្នកខ្ជាក់សម្ដីចេញមកធំដូចចិត្ត នោះអ្នកនឹងបរាជ័យ។ គិតឲ្យធំ តែបង្ហាញចេញឲ្យតូចបានហើយ ព្រោះគំនិតធំៗរបស់អ្នក ត្រូវការ ដុសខាត់កែច្នៃ ក្រឡឹង សម្រួច សំលៀង ជាមុនសិន ហើយវាក៏ត្រូវការជ្រកក្នុងម្លប់ចិត្ត ដើម្បីសន្សំគុណតម្លៃ មុនត្រូវបានបើកបង្ហាញមកខាងក្រៅ។

កុំនិយាយច្រើនពេក! ស្ងប់ស្ងាត់ខ្លះទៅ! អ្វីដែលវាប្រុងរត់មក វាគង់តែមកទេ គ្រាន់តែយូរនិងឆាប់។ មនុស្សដែលគិតធំ និយាយតូច ភាគច្រើន ជាមេដឹកនាំដ៏ឆ្នើម តែមនុស្សដែលគ្មានគោលដៅច្បាស់លាស់ ហើយនិយាយស្ដីតែរឿងធំៗ ច្រើនតែជាអ្នករស់ រត់ដេញស្រមោលអ្នកដទៃតែប៉ុណ្ណោះ ឬហៅម្យ៉ាងទៀតថា ជំនាញភូតភរ ប្រូ ដូរបាយឆី។

លទ្ធផលចុងក្រោយរបស់គេ គ្មានអ្វីប្រែប្រួលជាដុំកំភួនទេ។ អត្តចរិតកំណត់វាសនា ចរិតអ្នកបែបណា វាសនា នឹងទៅជាបែបនោះ។ រូបរាងកំណត់ស្រមោល បើអ្នកតូចទាប ស្រមោលអ្នកក៏តូចទាបដែរ ចូរកុំព្យាយាមឈរបន្លំក្រោមស្រមោលអ្នកដទៃអី អ្នកទស្សនាគេមើលដឹង។

នៅលើវិថីជីវិតគ្មានផ្លូវទៅកាន់សុភមង្គលទេ ព្រោះសុភមង្គល គឺជាផ្លូវដើរ។ បើអ្នកគិតតែស្វែងរកផ្លូវទៅសុភមង្គល មួយជីវិតនេះ អ្នកនឹងគ្មានវាសនាបានភ្លក្សរសជាតិសុភមង្គលឡើយ។ ហើយវាក៏មិនខុសគ្នាពីរឿងមនុស្សដែលស្វែងរកផ្លូវទៅ “ភ័ព្វព្រេងវាសនាល្អ” ដែរ។

គេប្រហែលភ្លេចស្មារតីថា “វាសនា” គឺជា “អត្តចរិត” នៃបុគ្គលផងខ្លួន។ កុំស្វែងរកវាទៀតអី! ផ្លាស់ប្ដូរចរិតរបស់អ្នកចេញទៅ! វាសនាអ្នកនឹងប្ដូរដូចគ្នា។ នៅក្នុងទ្រឹស្ដីនៃកម្មនិងផល (ចក្រា) របស់ព្រះពុទ្ធ (Karma Theories) ប្រៀបដូចវិទ្យាសាស្ត្រពិតមួយ វាជាកង់រទេះដែលវិលជុំជានិច្ច មិនអាចប្រកែកបាន។ ព្យាយាមតាំងជំហរឲ្យរឹងមាំមួយកន្លែង អ្នកគង់តែទទួលផលទេ។ កុំរត់ឆ្វេចឆ្វាចដេញស្រមោលអ្នកដទៃ អ្នកអាចដួល។
———-
ដោយ លឹម វីរីយ៉ា🌸

kamar theories

កន្តែរ៉ែ ស្នេហ៍អ៊ើយ…

កន្តែរ៉ែអ៊េីយ​ ពាក់អាវដកឃឹម
កាន់ផ្កាញញឹម​ សង្ឃឹម​ដូចប៉ង
រាត្រី​ត្រជាក់​ នៅបាត់ដំបង
យប់នេះរាំឆ្លង​ ចង្វាក់​កន្ទ្រឹម​។

កន្តែរ៉ែអ៊េីយ​ ពាក់កែងមួយតឹក
សេីចលាន់កក្អឹក​ នឹកឡេីងប៉ប្រឹម
កាច់រាង​កន្ទេីរ​​ មេីល៍! ខ្ពស់សន្លឹម
ស្អែក​ពីព្រលឹម​ ងេីបតែងតួទៀត។

កន្តែរ៉ែអ៊េីយ​ ឆ្លេីយសូមចូលគេង
ឱ្យមុខនៅក្មេង​ លេងសេីចមានជាតិ
រាត្រី​សួស្ដី​ ស្ដីរាប់ផ្គាប់ញាតិ
ក្សេមក្សាន្តព្រោងព្រាត​ ឆ្លៀតរស់ប្រិមប្រិយ។
———
លឹម​ វីរីយ៉ា​🌸
០៧​ មករា​ ២០១៩

yaya

ឃ្យូតទេ?

ឃ្យូតទេប៉ុណ្ណឹង? ព្រលឹងបង​ហ្អេីយ!
ប្រឹងឡេីងអស់ហេីយ​ ឆ្លេីយប្រាប់ទៅចុះ
រៀនតាមកូនក្មេង​ លេងរូបតាមប៉ុស្តិ៍
សង្ឃឹម​មិនខុស​ ទាស់​ចិត្ត​ហ្វេនឡេីយ។

សាយណ្ហ​សួស្ដី​ ពីដីខាងលិច
ញ៉ាំ​បាយរួចធ្មេច​ គេចមិនចង់ឆ្លេីយ
សំណួរចាក់ដោត​ កោតតែគេល្ហេីយ
ល្ហឹម​ៗក្រោមខ្នេីយ​ កេីយកល់ដួងចៃ។

រូបឃ្យូតផ្ញេីជូន​ លូនតាមអក្ខរា
ពេចន៍​កាព្យត្រាប់ការណ៍​ ប្រាប់ថាកុំភ័យ
ចាំតែព្រួយទៅ​ ពៅហ្អេីយ! កុំម៉ៃ
អាឡោះអាល័យ​ ថ្ងៃណាជួបគ្នា?
——-
លឹម​ វីរីយ៉ា​🌸
០៨​ មករា​ ២០១៩

យ៉ាយ៉ា

ផ្ទះក្នុងសុបិន

បើមានផ្ទះរាប ទាបផ្ទាល់ដី
មានស្មៅលាស់ខ្ចី ដីបៃតង
បុប្ផាស្រស់ពិត ឥតរបង
ទុកគ្រាន់ញាតិឆ្លង ក្រងភាតរៈ។

បើមានផ្ទះតូច ដូចប្រាថ្នា
មានទាំងសួនផ្កា ច្បារល្អល្អះ
នឹងរស់ឥតល្អៀង ផ្ទៀងដឹងច្បាស់
ទុកគ្រាន់ពេលចាស់ ផ្លាស់អាត្មា។

បើមានផ្ទះឈើ មើលឃើញមេឃ
បក្សីហោះជ្រែក សេកសារិកា
ដើមឈើធំៗ ផ្ដុំសាខា
ជំរកទោចស្វា សង្ខាសត្វ។

បើមានផ្ទះខ្ទម ល្មមលោមបាន
នឹងរស់សុខសាន្ត ឋានទីស្ងាត់
ដង្ហើមបានស្ងប់ កប់រសាត់
សុបិនសម្ងាត់ ណាត់ទីនេះ។
———
លឹម វីរីយ៉ា🌸
ថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០១៩

2018-09-16 (429)

ស្រណោះ…

VIRIYA LIM 2018.

ស្រណោះជេីងធ្មេញ​ អូនស្ញេញតែឯង
ញញឹម​ផ្កាត្រែង​ បែកផ្សែងពេញផ្សារ
ឆ្នាំ​ចាស់​ជិតដាច់​ បណ្ដាច់សន្យា
មិនឃេីញចៅមហា​ ចរចាចូលស្ដី?

ស្រណោះជេីងសក់​ អូនកក់ហេីយផ្លុំ
តម្រឹមទាំងចុង​ ចម្រុង​សួស្ដី​
រដូវ​រងា​ ដូចជាឥតន័យ
អាឡោះអាល័យ​ ដៃលាក់ក្រោយខ្នង។
——-
លឹម​ វីរីយ៉ា​🌸
២២​ ធ្នូ​ ២០១៨

អាវរលុង…

រលីងរលោង​ អាវរលុង
រលាកជង្គង់​ ជង់ចង្កា
ភ្នែករូងរីងរៃ​ រំពៃថា
គង់មានថ្ងៃណា​ ថ្លាថ្លឹងថ្លែង។

រលេីបរលាក់​ ធ្លាក់​ជង្ហុក
ញញឹម​ចេញមុខ​ ទុក្ខតែឯង
រញីរញ័រខ្ទ័រ​ ហុយផ្សែង
ប្រាប់ថាចម្បែង​ គេមិនជឿ។

រលេះរលួយ​ រួយជេីងដៃ
រលាស់ហាលថ្ងៃ​ ស្បៃជំនឿ
បុរាណ​ចារទុក​ ចុកខ្លងតឿ
បេីអ្នកមិនជឿ​ សួរខ្មោចទៅ!
——-
លឹម​ វីរីយ៉ា​🌸
23/12/18

IMG_4264

ហ្គីតាផ្ញើស្នេហ៍…

សៀងសូរស័ព្ទ​ ប្រាប់ពីឆ្ងាយ​ ក្លាយ​ជាមែន
សូមបទភ្លេង​ លេងចងដៃ​ ថ្ងៃជួបភក្រ្ត
ខ្សែហ្គីតា​ ប្រាថ្នាសូម​ លោមចិត្តអ្នក
បេីជួបជាក់​ លាក់បេះដូង​ អូនទុកផង។

ភ្លេងទីងតុង​ ស្លុង​អារម្មណ៍​ ខំប្រឹងទប់
ព្រឹកព្រលប់​ យប់ព្រលឹម​ សង្ឃឹម​ប៉ង
ដល់ឆ្នាំថ្មី​ ស្រីវិលវិញ​ ចេញបំណង
តេីប្រុសបង​ ឆ្លងរួចទេ​ មាសមេអ៊េីយ?

ឱ! ហ្គីតា​ ហត្ថាផ្ទាត់​ កត់​ទំនុក
ច្រៀងចេញមុខ​ ទុក្ខ​ខ្ចាត់ខ្ចាយ​ ឆ្ងាយទៅហេីយ
បេីជាគូ​ ស៊ូឆ្លងឆ្នាំ​ ផ្ដាំសូមឆ្លេីយ
ចាំឆ្លងត្រេីយ​ រំហើយ​ចិត្ត​ ដិតរយជាតិ។
————
លឹម​ វីរីយ៉ា​🌸
២៧​ ខែធ្នូ​ គ.ស​ ២០១៨

លឹម វីរីយ៉ា លេងហ្គីតា

កាហ្វេស្រុកស្រែ…

កាហ្វេ​ស្រុកស្រែ​ ក្បែរលូទឹកស្អុយ
ម៉ាពែងហុយៗ​ លេបផុយជាងទឹក
ម្ចាស់​ហាង​ថតឱ្យ​ ក្រោយ​ដាក់ម៉ាក្អឹក
ឈ្ងុយឆ្ងាញ់​ឡេីងភ្លឹក​ នឹកចង់ទៅទៀត។

កាហ្វេ​ក្នុងស្រុក​ រំអុកអ្នកប្រាជ
មកប្រូកុំខ្លាច​ បាចសាចស៊កសៀត
អាចសម្ងំយូរ​ ធូរមិនចង្អៀត
ថតផុសត៍មួយទៀត​ ឆ្លៀតសូម​discount​ ។
——-
ពី​ អតិថិជន​ លឹម​ វីរីយ៉ា​🌸

លឹម វីរីយ៉ា ផឹកកាហ្វេ

ការចែករំលែកនឹងនាំមកនូវក្ដីសុខ

នៅពេលដែលខ្ញុំចែករំលែកចំណេះដឹងផ្សេងៗទៅកាន់អ្នក មិនមែនមានន័យថាខ្ញុំចេះច្រើនជាងអ្នកទេ។ តាមពិត គ្រាន់តែខ្ញុំជាមនុស្សដែលមើលឃើញភាពល្ងីល្ងើរបស់ខ្លួនឯងបានច្រើនជាងអ្នកតែប៉ុណ្ណោះ។

លឹម វីរីយ៉ា Viriya Lim

ជាញឹកញាប់ ដែលខ្ញុំនិយាយប៉ះចំចំណុចរសើបនៃមនុស្សលោក ក៏វាមិនមែនមានន័យថា ខ្ញុំមានខ្សែបណ្ដាញពត៌មានច្រើនជាងអ្នកនោះឡើយ។ ប៉ុន្តែមកពីខ្ញុំធ្លាប់បានក្លាយជាជនរងគ្រោះក្នុងចំណងជីវិតខ្លួនឯង។ ខ្ញុំធ្លាប់ក្លាយជាចំណាប់ខ្មាំងសង្គម ដោយសារតែភាពកំសាកក្នុងអតីតកាលមួយ ដែលក្រោយមក ខ្ញុំបានរំដោះខ្លួនឯងឲ្យរួចចាកផុតពីខ្មាំងទាំងនោះ។

គ្រប់យ៉ាងដែលខ្ញុំបានចែករំលែក មិនមែនមកពីខ្ញុំចង់បង្ហាញសេចក្ដីល្អរំបល់យក៍អីទាំងអស់ ខ្ញុំគ្រាន់តែគិតថា ជីវិតមនុស្សជាឆាកល្ខោនរឿង របស់ព្រហ្មលិខិត ដែលសេណារីយ៉ូជីវិតមនុស្សម្នាក់ៗ សុទ្ធតែអាថ៌កំបាំង។ នរណាទៅដឹងថា ស្អែកឬខានស្អែក ខ្ញុំឬអ្នក នឹងស្លាប់? ដូច្នេះ ទៅខំលាក់បំពួនវាធ្វើអី?

បើសិនជាស្លាប់បាត់ កប់ចូលក្នុងដី ដុតឆេះក្នុងភ្លើង ដោយទៅទាំងកំណត់ហេតុដ៏មានតម្លៃមហាសាលជាច្រើន មិនទាន់បានផ្ដាំផ្ញើគេឯងផង សួរថាព្រលឹងអ្នកស្ងប់ទេ? ស្រួលមិនស្រួល ក្លាយជាវិញ្ញាណអ្នកតាស្ថិតតាមដុំថ្មនៃទីសាធារណៈនានា ដើម្បីគ្រាន់តែបង្ហាញលទ្ធផលមួយ ដែលភ្លេចទុកបណ្ដាំអង្កាល់នៅមានរូបរស់ ក៏អាចថាបាន។

Viriya Lim លឹម វីរីយ៉ា កំពង់ឆ្នាំង

ព្រះពុទ្ធផ្ដាំថា ធ្វើជាមនុស្សល្អ មិនបាច់ខ្ជះខ្ជាយពេលវេលាដើររកភ័ស្តុតាងបញ្ជាក់ថា អ្នកជាមនុស្សល្អទេ ព្រោះសេចក្ដីល្អ ឬ អាក្រក់ វានឹងសាយភាយចេញជាចំហាយហោះអណ្ដែតទៅគ្រប់ទិសទីដោយខ្លួនវាយ៉ាងប្រាកដមិនខានឡើយ។ បើអ្នកមិនជឿ អាចធ្វើពិសោធន៍បាន!
សួរថា តើមនុស្សល្អ មានន័យយ៉ាងម្ដេចទៅ?

ខ្ញុំក៏មិនសូវច្បាស់ថារាល់ថ្ងៃនេះ ខ្ញុំជាមនុស្សល្អ ឬ អាក្រក់ ទេ។ តែខ្ញុំព្យាយាមដើរតាមបណ្ដាំព្រះ ត្រង់ចំណុចមួយធំបំផុតគឺ “ការចែករំលែក” ។ បើគ្មានលុយកាក់ចែកគេទេ ចូរចែករំលែកពេលវេលា កម្លាំងកាយ កម្លាំងចិត្ត (ស្នាមញញឹម ពាក្យជូនពរជ័យ ពាក្យអបអរសាទរ) កម្លាំងបញ្ញា (ចំណេះដឹង បទពិសោធន៍) ។ល។

ក្រៅពីការចែករំលែក ព្រះពុទ្ធក៏នៅផ្ដាំមួយទៀតថា ចូរធ្វើខ្លួនឯងឲ្យមានក្ដីសុខ សេចក្ដីសុខនៃអាត្មាខ្លួន គឺជាបុណ្យ។ ដូច្នេះ តើយើងត្រូវស្វែងរកសេចក្ដីសុខដោយរបៀបណា? ចម្លើយរិតតែងាយ គឺ “ការចែករំលែក នឹងនាំមកនូវក្ដីសុខផ្លូវចិត្ត” ។ វាវិលទៅវិលមក ដូចកង់រទេះច្នោះឯង!
——-
លឹម វីរីយ៉ា
២៧ ធ្នូ ២០១៨

Viriya Lim 09 លឹម វីរីយ៉ា

កំណាព្យខ្មែរ ទស្សនវិជ្ជា និង ចំណេះដឹងទូទៅ