ឃើញទឹករលក ភ្នករឭក
រលាមចិត្តនឹក រឭកពៅ
រលីងរលោង អន្ទោងហៅ
អន្ទាក់ឆោមឆ្លៅ ហៅរំលង។
ឮកង្កែបក្ដក់ ឆ្មក់ក្ដុកក្ដួល
ក្ដីស្នេហ៍ឆាបឆួល ដួលដាំដូង
ស្រណោះដៃក្ដិច ច្បិចថ្ពាល់អូន
ឥលូវសល់ក្បូន លូនឥតត្រើយ។
———
ដោយ លឹម វីរីយ៉ា (រក្សាសិទ្ធិ)

ឃើញទឹករលក ភ្នករឭក
រលាមចិត្តនឹក រឭកពៅ
រលីងរលោង អន្ទោងហៅ
អន្ទាក់ឆោមឆ្លៅ ហៅរំលង។
ឮកង្កែបក្ដក់ ឆ្មក់ក្ដុកក្ដួល
ក្ដីស្នេហ៍ឆាបឆួល ដួលដាំដូង
ស្រណោះដៃក្ដិច ច្បិចថ្ពាល់អូន
ឥលូវសល់ក្បូន លូនឥតត្រើយ។
———
ដោយ លឹម វីរីយ៉ា (រក្សាសិទ្ធិ)

ពួកម៉ាកសំណព្វ កប់ដួងចៃ
ណាត់ជួបទាំងថ្ងៃ ថ្លៃសន្ធឹក
ចរចាចិចី ស្ដីឡើងភ្លឹក
ព្រោះចិត្តរឭក នឹកសម្លាញ់💕។
ទំហំដួងចិត្ត ស្អិតរឿងចាស់
អតីតល្អល្អះ ខ្លះគួរខ្នាញ់
សំណើចក្អាកក្អាយ ក្លាយម្ហូបឆ្ងាញ់
និស្ស័យខ្មួលខ្មាញ់ ត្របាញ់ក្រង
💐។
បែកគ្នាពេលវែង រែងស្រមៃ
ស្រមោលចោលដី បាត់ដំបង
ចំប៉ាចំប៉ី ស្រីធ្លាប់ប៉ង
រឿងពិតបែរឆ្លង ទងក្រវាន់
🌺។
សង្ឃឹមចាំជាក់ លាក់អារម្មណ៍
មិត្តខ្ញុំហានហំ មាំទាំកាន់
និយាយសាច់ការណ៍ ចារសំខាន់
សង្ខេបអែបខណ្ឌ ខ្មាន់ជោគជ័យ
👍។
———
ដោយ លឹម វីរីយ៉ា
🌸
សៀមរាប ថ្ងៃចន្ទ ១៥កើត🌕 ខែកត្ដិក ឆ្នាំវកអដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី ១៤ ខែវិច្ឆិកា គ.ស ២០១៦

បិទតែមថែមស្នេហ៍ ផ្ញើពីស្រុកខ្មែរ
ដីក្បែរអង្គរ សាយណ្ហជ្រេជ្រាល
រសៀលទោចថ្ងូរ ចុងឆ្នាំឥតផ្គរ
ជំនោរត្រជាក់។
បិទតែមផ្ញើទៅ សង្ឃឹមតាមផ្លូវ
មិនសូវរលាក់ រូបថតរលោង
យោងពណ៌ពព្លាក់ ទុកចងដៃអ្នក
លាក់ក្រោមខ្នើយក្បត់។
លឹម វីរីយ៉ា


មើលមេឃងងឹត គិតរឿងមមៃ
មមើពីថ្ងៃ ស្រម៉ៃប្រញឹក
ស្រមេមស្រមាម ដាមគ្នារដឹក
រំដួលលិចទឹក នឹករំដេងព្រៃ។
🌱
មើលពពកខ្មៅ ក្រៅបង្អួចឈើ
អាលេអាលើ ភ្នែកស្លឺអាល័យ
អន្លង់សុបិន ឆ្អិនឆ្អៅដៅន័យ
ស៊ូរស់សព្វថ្ងៃ កំដរចក្រវាល។🌍
រាត្រីសុវត្ថិ បាត់អ្នកសួរ សល់តែអ្នកចាំឆ្លើយ! 🌛
លឹម វីរីយ៉ា
យប់៦កើត ខែកត្ដិក ២៥៦០

រាត្រីសុវត្ថិ បាត់សៀងចង្រិត
ធ្លាប់ច្រៀងលួងចិត្ត ច្រេកច្រិតស្និទ្ធស្នេហ៍
បាត់ទាំងហ្វូងផ្កាយ ឆ្ងាយទាំងដួងខែ
ឥលូវសល់តែ តុកកែឯកា
រាត្រីចង់សួរ តួឯកបាត់ខ្លួន
យប់យន់អង្រួន ពួនគ្មានវាចា
រាត្រីសួស្ដី ស្ដីសួរនរណា
ដួងចន្ទ្រតារា យាត្រាក្រៅមេឃ
ដោយ លឹម វីរីយ៉ា
យប់ថ្ងៃទី៤ ខែវិច្ឆិកា គ.ស ២០១៦

រីករាយខួបកើត អើតដើមខែ
វិច្ឆិកាមាសស្នេហ៍ ក្បែរបេះដូង
ក្រុមស្ត្រីឆ្នើម ផ្ដើមគម្រោង
អន្ទោកអន្ទោង គ្រោងរឿងថ្មី
🎉
សូមបួងសួងជូន លូនដល់ត្រើយ
សូមអូនបានល្ហើយ ស្បើយហឫទ័យ
សូមឱ្យជីវិត ក្រិត្យតម្លៃ
សូមរស់មានន័យ ដោយមង្គល🙏🏻😇
ពី លឹម វីរីយ៉ា
ថ្ងៃទី៣ ខែវិច្ឆិកា គ.ស ២០១៦



សម្លឹងអ្នកម្ដាយ ឆ្ងាយផែនដី
សល់ត្រឹមបារមី បីបាច់កូន💕
ជួបក្នុងសុបិន ក្លិនមិនសូន្យ
ក្រសោបអោបកូន យោនក្ដីសុខ😇
នឹកម្ដាយខ្លាំងពេក ដេកលែងលក់
មិនហ៊ានទ្រមក់ ស្ទក់អែអុក
អរុណោទ័យ ដីម្ចាស់ស្រុក
នៅមិនស្រណុក សុខទន្ទឹង
រូតរះម្នីម្នា ស្ទាស្ទុះទៅ
វត្តស្វាយក្បែរផ្លូវ នៅមាត់ស្ទឹង
បង្គំព្រះសង្ឃ ផ្ចង់ព្រលឹង
បួងសួងរំពឹងនឹងព្រះធម៌
សូមដួងវិញ្ញាណ ឈានដល់ឋាន
ភពដែនសម្រាន្ត ស្រាន្តស្មោះស
សូមបារមីម្ដាយ ក្លាយបន្ទរ
ងាកក្រោយឱ្យពរ ចូរសម្រេច
🙏
អនុមោទនា!
ដោយ លឹម វីរីយ៉ា
💐😇🙇
🙏
សៀមរាប, ថ្ងៃពុធ ៣កើត ខែកត្ដិក ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី ២ ខែវិច្ឆិកា គ.ស ២០១៦

សន្ធឹកភ្លៀងធ្លាក់ ធាក់ព្រលឹង
ស្ទើរខ្ទាតចេញវឹង ប្រឹងតោងរូប
រន្ទះបាញ់ផាំង ចាំងភ្លើងធូប
អារម្មណ៍ស្រឺតវូប នឹកខ្មោចម៉ែ!!!!
(លឹម វីរីយ៉ា)

វស្សាផ្ការីកកន្លងផុតទៅ
សរទរដូវឈានចូលមកដល់
កត្ដិកស្រុកខ្មែរនាខែធ្លាក់ខ្យល់
អ្នកស្រុកវិលវល់ខ្វល់ព្រួយរងា។
ខួបកម្មចាំស្នេហ៍ក្បែរដីខាងលិច
រលឹមស្រិចៗក្ដិចចិត្តស្ងួនភ្ងា
រំដួលស្រុកខ្មែរថែឈ្មោះកម្ពុជា
រុងរោចន៍រមនា គ្រាសុរិយារះ។
លឿងរាជរុះរោយផាត់ដោយតាមខ្យល់
ក្រាលព្រំតាមថ្នល់កល់បាំងក្រាំងមាស
រងាផ្កាគរអូនឈរមុខផ្ទះ
ចង់ឃើញថ្ងៃរះ ជះដួងឆព្វណ្ណ។
ឥលូវមេឃភ្លៀងសៀងស្រិចស្រឹបស្រក់
រលឹមតក់ៗក្ដក់ហៅផ្គរលាន់
ពពកមួយដុំ ផ្ដុំគ្នាមិនទាន់
ស្រមោចអាសន្ន ជាន់គ្នារយោង។
បើសិនឆ្នាំក្រោយលឿងរាជលែងរីក
កង្កែបធាត់ស្ទីក ជីកឡើងអណ្ដូង
ម្លេះយើងលែងគេច លិចកើតជើងត្បូង
សណ្ដោងសណ្ដូន ក្បូនសន្តិភាព។
———-
ដោយ លឹម វីរីយ៉ា (រក្សាសិទ្ធិ)
សៀមរាប,
ថ្ងៃអង្គារ ២កើត ខែកត្ដិក ឆ្នាំវក អដ្ឋស័ក
